ទៅ! ទៅ!
ពេលខ្ញុំកំពុងឈប់នៅត្រង់ចំណុចភ្លើងស្តុប ខ្ញុំបានឃើញរថយន្តមួយគ្រឿង ដែលកំពុងឈប់នៅម្ខាងផ្លូវទៀត កំពុងស្ទាក់ស្ទើរមិនហ៊ានបើកទៅមុខ ខណៈពេលដែលភ្លឿងសញ្ញាចរាចរណ៍ បានប្តូរទៅជាពណ៌បៃតងហើយនោះ។ បន្ទាប់មក ស្រាប់តែមានសម្លេងស្រែកគំហកដាក់គាត់ថា “ទៅ! ទៅ! ឆាប់ឡើង ម៉េច មិនទៅ!”។ អ្នកបើកបររូបនោះ ហាក់ដូចជាមានការភ័យខ្លាច ដោយសារសម្លេងគំហកទាំងកំហឹងនោះ ហើយគាត់ហាក់ដូចជាមានការភ័ន្តភំាំងបន្តិច ដោយមិនដឹងថា សម្លេងនោះបានចេញមកពីណាទេ។ ក្រោយមក ខ្ញុំក៏បានឃើញឡានមួយ ដែលឈប់នៅពីក្រោយគាត់ មានមេក្រូមួយ ដែលសម្រាប់ស្រែកគំហកដាក់អ្នកបើកបរដទៃទៀត!
ទីបំផុត អ្នកបើកបរដែលមានការស្ទាក់ស្ទើរនោះ ក៏បានតាំងអារម្មណ៍ ហើយបើកឡានទៅមុខ។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញអ្នកបើកបរដែលមានកំហឹងនោះ មានការទ្រគោះបោះបោក ដោយគ្មានការអត់ធ្មត់យ៉ាងដូចនោះ។
ជួនកាល មានអ្នកខ្លះយល់ថា ព្រះក៏មានលក្ខណៈដូចនេះផងដែរ គឺមានព្រះទ័យក្តៅក្រហាយ មិនចេះអត់ធ្មត់ ហើយបានត្រៀមខ្លួនស្រែកគំហកដាក់ពួកគេ តាមរយៈមហាសម្លេងនៃស្ថានដ៏ខ្ពស់។ ពួកគេខ្លាចព្រះតាមចាប់កំហុសរបស់ពួកគេ ហើយដាក់ទោសពួកគេ ឲ្យតែពួកគេបានធ្វើអ្វីមួយខុស។
តាមពិត ទោះបីជាយើងបានដើរផ្លូវខុសយ៉ាងណាក៏ដោយ ក៏ព្រះទ្រង់នៅតែប្រព្រឹត្តចំពោះយើងរាល់គ្នា ដែលជាកូនរបស់ទ្រង់ ដោយព្រះទ័យអត់ធ្មត់ និងសេចក្តីស្រឡាញ់ជានិច្ច។ ត្រង់ចំណុចនេះ សាវ័កប៉ុលក៏ចង់ឲ្យពួកជំនុំនៅក្រុងថែស្សាឡូនិច មានការយល់ដឹងដូចនេះ ហើយអធិស្ឋានដល់ព្រះ បានជាគាត់ប្រាប់ពួកគេថា “សូមឲ្យព្រះអម្ចាស់ដំរង់ចិត្តអ្នករាល់គ្នា ទៅក្នុងសេចក្តីស្រឡាញ់នៃព្រះ និងសេចក្តីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទចុះ”(២ថែស្សាឡូនិច ៣:៥)។
ព្រះទ្រង់ធ្វើការក្នុងជីវិតយើង ហើយបំណងព្រះទ័យទ្រង់នឹងបានសម្រេច។…
បណ្ណាល័យចល័ត
កាលនៅពីក្មេង ខ្ញុំបានកម្សាន្តសប្បាយ នឹងការអានសៀវភៅ នៅក្នុងបណ្ណាល័យចល័ត ដែលមកដល់តំបន់ខ្ញុំជារៀងរាល់សប្តាហ៍ នារដូវក្តៅដ៏យូរ។ កាលនោះ គេមិនទាន់ផលិតឧបករណ៍អេឡិចត្រូនិកតូចៗ សម្រាប់ដាក់តាមខ្លួន និងមិនទាន់មានគ្រឿងរំខាន ដូចនៅសម័យនេះទេ។ បណ្តាល័យចល័តនោះ គឺជាឡានក្រុងមួយគ្រឿង ដែលដឹកជញ្ជូនសៀវភៅជាច្រើនក្បាលចេញពីបណ្ណាល័យភូមិភាគ មកកាន់តំបន់ជិតខាង ដើម្បីឲ្យអ្នកដែលគ្មានលទ្ធភាពធ្វើដំណើរផ្លូវឆ្ងាយ អាចអានសៀវភៅដែលគេបានតម្រៀបជាស្រេច ក្នុងឡានក្រុងនោះ។ ដូចនេះ ខ្ញុំអាចចំណាយពេលជាច្រើនថ្ងៃ ដើម្បីអានសៀវភៅ ក្នុងរដូវក្តៅនោះ។ បើគ្មានបណ្តាល័យចល័តនៅសម័យនោះទេ ខ្ញុំក៏មិនបានអានសៀវភៅទាំងនោះដែរ។ រហូតមកដល់ថ្ងៃនេះ ខ្ញុំនៅតែអរព្រះគុណព្រះ ដែលបានបណ្តាលចិត្តខ្ញុំឲ្យចូលចិត្តការអានសៀវភៅ តាមរយៈបណ្តាល័យចល័តនោះ។
អ្នកប្រាជ្ញព្រះគម្ពីរមួយចំនួន បានមានប្រសាសន៍ថាសាវ័កប៉ុលស្រឡាញ់ការអានសៀវភៅណាស់ ហើយបានរៀនសូត្រពីសៀវភៅរបស់គាត់ រហូតដល់ចុងបញ្ចប់នៃជីវិតគាត់។ ក្នុងសំបុត្រចុងក្រោយរបស់គាត់ គាត់បានសរសេរថា “ដល់កាលណាអ្នកទៅឯខ្ញុំ នោះសូមយកអាវធំ ដែលខ្ញុំផ្ញើទុកនឹងអ្នកកាប៉ុស នៅក្រុងទ្រអាសទៅផង និងសៀវភៅទាំងប៉ុន្មានដែរ តែសូមយកក្រាំងស្បែកជាដើម”(២ធីម៉ូថេ ៤:១៣)។ ត្រង់ចំណុចនេះ សៀវភៅ និងក្រាំងស្បែកទាំងនោះអាចជាព្រះគម្ពីរសញ្ញាចាស់ និងសៀវភៅដែលគាត់បានសរសេរដោយផ្ទាល់ដៃ។
ខ្ញុំជឿជាក់ថា មូលហេតុដែលលោកប៉ុលស្វែងរកចំណេះដឹង គឺមិនគ្រាន់តែដើម្បីឲ្យមានប្រាជ្ញា ឬមានការកម្សាន្តសប្បាយប៉ុណ្ណោះឡើយ ប៉ុន្តែ គឺដើម្បីឲ្យស្គាល់ព្រះគ្រីស្ទកាន់តែច្បាស់។ គោលដៅរបស់គាត់ គឺ“ដើម្បីឲ្យគាត់បានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្តីស្លាប់ផង”(ភីលីព ៣:១០)។ ខ្ញុំសូមអធិស្ឋាន សូមឲ្យយើងមានគោលដៅដូចសាវ័កប៉ុលដែរ។–Bill Crowder
ទៅមិនដល់
មានព្រឹត្តិការណ៍ដ៏ល្បីមួយ ក្នុងទសវត្សរ៍ ឆ្នាំ១៩៧០ នៅសហរដ្ឋអាមេរិក គឺព្រឹត្តិការណ៍បង្ហោះម៉ូតូផ្លោងជ្រលងភ្នំពីចុងម្ខាងទៅចុងម្ខាង។ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៧៤ ព្រឹត្តិការណ៍ដ៏ល្បីល្បាញនេះ បានឈានដល់ចំណុចខ្ពស់(និងទាប)របស់ខ្លួន។ មានទស្សនិកជនរាប់ពាន់នាក់បានមកជួបជុំគ្នាជុំវិញជ្រលងទន្លេពស់ នៅរដ្ឋអ៊ីដាហូ(Idaho) ដើម្បីមើល ថាតើលោកអ៊ីវែល នីវែល(Evel Knievel) អាចបើកម៉ូតូរ៉ុកកែតផ្លោះជ្រលងទន្លេនោះឬទេ ដែលកាលនោះ គាត់បានបើកឡើងតាមផ្លូវចោទ ដែលគេបានរៀបចំជាពិសេសសម្រាប់ឲ្យគាត់បើក “ផ្លោងទៅលើមេឃ”។ ចុងបញ្ចប់គាត់មិនទទួលបានជោគជ័យឡើយ។ លោកអ៊ីវែលអាចបង្ហោះម៉ូតូឆ្លងជ្រលងនោះ បានតែមួយផ្នែកប៉ុណ្ណោះ ហើយគាត់ក៏ទម្លាក់ខ្លួនតាមឆ័ត្រយោងរបស់គាត់ រហូតដល់បាតជ្រលងដ៏ជ្រៅ។ អ្នកទស្សនាខ្លះបានសួរថា “តើគាត់បានឆ្លងកាត់ជ្រលងទន្លេនោះ បានចម្ងាយប៉ុន្មាន?” ប៉ុន្តែ ដែលគាត់ឆ្លងបានចម្ងាយប៉ុន្មាននោះ គឺមិនសំខាន់ទេ។ អ្វីដែលសំខាន់នោះ គឺគាត់មិនបានឆ្លងផុត ទៅដល់ត្រើយម្ខាងទៀតឡើយ ដូច្នោះ គាត់មិនបានទៅដល់គោលដៅរបស់គាត់ទេ។
យ៉ាងណាមិញ យើងអាចប្រៀបប្រដូចរឿងនេះ ទៅនឹងការខំប្រឹងឆ្លងឲ្យផុតជ្រលងនៃអំពើបាប ដោយខ្លួនឯង។ ព្រះគម្ពីរបានចែងអំពីអំពើបាប ក្នុងបទគម្ពីរ រ៉ូម ៣:២៣ ដែលក្នុងនោះលោកប៉ុលបានប្រកាសថា “ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ”។ គ្មាននរណាម្នាក់អាចឆ្លងទៅដល់ព្រះ ដោយពឹងផ្អែកលើកម្លាំងខ្លួនឯងបានឡើយ ហេតុនេះហើយបានជាព្រះសង្រ្គោះបានយាងមកសុគតជំនួសយើង ដើម្បីធ្វើជាស្ពានឲ្យយើងឆ្លងទៅឯព្រះវរបិតា។ ព្រះគ្រីស្ទបានយាងមកប្រសូត្រជាមនុស្សដែលគ្មានបាប ហើយគ្រប់លក្ខណ៍តាមខ្នាតគំរូរបស់ព្រះ បន្ទាប់មក ទ្រង់បានលះបង់ព្រះជន្មទ្រង់ នៅលើឈើឆ្កាង ដើម្បីបង់ថ្លៃលោះបាបយើងរាល់គ្នា។ យើងខ្វះមិនដល់សិរីល្អរបស់ព្រះ តែព្រះគ្រីស្ទបានធ្វើសម្រេច…
ស្មោះត្រង់រហូតដល់ស្លាប់
ក្នុងហាងពិពណ៌រូបភាពវ៉កឃ័រ(Walker Art Gallery) ក្នុងទីក្រុងលីវើភូល(Liver pool) នៃចក្រភពអង់គ្លេស គេបានដាក់តាំងផ្ទាំងគំនូរមួយផ្ទាំង ដែលក្នុងនោះ មានរូបទាហានរ៉ូម៉ាំងម្នាក់កំពុងឈរយាមយ៉ាងស្មោះស្ម័គ្រ ក្នុងក្រុង ប៉ុមពេយ(Pompeii) ដែលជាក្រុងចាស់បុរាណមួយ នៃចក្រភពរ៉ូម៉ាំង។ វិចិត្រករបានគូរគំនូរមួយផ្ទាំងនេះ ដោយផ្អែកទៅលើកំណាយវត្ថុបុរាណ នៅទីក្រុងប៉ុមពេយ ដែលគេបានរកឃើញសាកសពទាហានរ៉ូម៉ាំងម្នាក់ ដែលត្រូវផេះភ្នំភ្លើងរំព័ទ្ធខ្លួនជិត នៅពេលដែលគាត់កំពុងឈរឈាម ក្នុងឯកសណ្ឋានទាហានយ៉ាងពេញលេញ។
នៅឆ្នាំ៧៩នៃគ្រីស្ទសករាជ ភ្នំភ្លើងវេស៊ូវាស(Vesuvius) បានផ្ទុះឡើង ជាហេតុបណ្តាលឲ្យប្រជាជន និងវប្បធម៌នៃទីក្រុងប៉ុមពេយ ត្រូវបានគ្របដណ្តប់ដោយកម្អែល និងផេះភ្នំភ្លើង។ ផ្ទាំងគំនូរមួយផ្ទាំងនេះ ដែលមានចំណងជើងថា ស្មោះស្ម័គ្រលុះក្ស័យ គឺជាបន្ទាល់បញ្ចាក់ពីការចាំយាមរបស់ទាហានរូបនេះ ទោះបីជាអ្វីៗគ្រប់យ៉ាងរបស់គាត់ កំពុងទទួលរងការបំផ្លាញ ដោយសារកំដៅដ៏កាចសាហាវក៏ដោយ។
នៅសតវត្សរ៍ទី១ នៅទីក្រុងស្មីន៉ាមានពួកជំនុំដំបូងមួយកន្លែងបានទទួលរងការបៀតបៀន ដោយសារជំនឿលើព្រះគ្រីស្ទ ហើយពួកគេត្រូវសម្រេចចិត្ត ថាតើត្រូវស្មោះស្ម័គ្រចំពោះទ្រង់ រហូតដល់ស្លាប់ឬយ៉ាងណា។ ព្រះអម្ចាស់របស់ពួកគេក៏បានកត់សម្គាល់ឃើញថា ពួកគេពិតជាមានការប្តូរប្តេជ្ញខាងវិញ្ញាណមែន(វិវរណៈ ២:៩)។ ហើយសម្រាប់ការរងទុក្ខដែលនឹងកើតមាន ទ្រង់បានលើកទឹកចិត្តពួកគេថា “កុំឲ្យឯងខ្លាចសេចក្តីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង … ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង”(ខ.១០)។
ព្រះអម្ចាស់ទ្រង់ជ្រាបអំពីការលំបាក ដែលយើងកំពុងឆ្លងកាត់ សព្វថ្ងៃនេះ ហើយក៏ជ្រាបអំពីការអ្វីដែលយើងនឹងប្រឈមមុខ នៅពេលខាងមុខផងដែរ។ ខណៈពេលដែលការរងទុក្ខកើតមានក្នុងពិភពលោកនេះ ព្រះអម្ចាស់បានសន្យាប្រទានជីវិតអស់កល្បជានិច្ច…
ការត្រាសហៅឲ្យភ្ញាក់ខ្លួនឡើង
នាពេលព្រឹកព្រលឹមថ្ងៃមួយ ក្នុងសរទរដូវ ខណៈពេលដែលខ្ញុំកំពុងបើកឡានទៅធ្វើការ ទាំងនៅងងឹតនៅឡើយ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលមានវត្ថុពណ៌ត្នោតមកនៅខាងមុខឡាន ហើយខ្ញុំក៏ឮសម្លេងរបស់អ្វីម្យ៉ាងមកទង្គិចនឹងឡានរបស់ខ្ញុំ។ ពេលនោះ ខ្ញុំក៏បានដឹងថា ឡានរបស់ខ្ញុំបានបើកប៉ះសត្វក្តាន់មួយក្បាល ក្នុងល្បឿន១១២គីឡូមែតក្នុង១ម៉ោង។ វាគ្រាន់តែជាការបើកកៀរសត្វក្តាន់ តែឡានខ្ញុំមិនមានការខូចខាតឡើយ(ហើយខ្ញុំយល់ថា សត្វក្តាន់នោះ ក៏មិនមានគ្រោះថ្នាក់អ្វីដែរ) ប៉ុន្តែ ហេតុការណ៍នេះ ពិតជាបានពញ្ញាក់ស្មារតីខ្ញុំមែន។ ខ្ញុំមានទម្លាប់បើកបរទៅធ្វើការ តាមធម្មតា “ដោយមិនសូវខ្វល់ពីអ្វីច្រើនទេ” ប៉ុន្តែ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ ពិតជាបានធ្វើឲ្យខ្ញុំភ្ញាក់ខ្លួន។ ឥឡូវនេះ ខ្ញុំមានស្មារតីប្រុងប្រយ័ត្នជានិច្ចក្នុងការបើកបរ។ វាបានដាស់សតិរបស់ខ្ញុំ ទោះខ្ញុំមិនចង់ឲ្យរឿងនេះកើតឡើងក៏ដោយ។
លោកសាវកពេត្រុសបានផ្តល់ឲ្យយើង នូវការដាស់ឲ្យភ្ញាក់ខ្លួនប្រភេទមួយទៀត គឺការដាស់តឿន ឲ្យប្រុងប្រយ័ត្នចំពោះអ្វីដែលយើងមិនចូលចិត្ត តែការដាស់តឿននេះមានភាពចាំបាច់ចំពោះយើងណាស់។ លោកបានក្រើនរំឭកយើង ឲ្យមានការប្រុងប្រយ័ត្ន ចំពោះសង្រ្គាមខាងវិញ្ញាណ ដែលយើងត្រូវតតាំងជាមួយសត្រូវដ៏មានអំណាច បានជាគាត់ដាស់តឿនយើងថា “ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែលទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន”(១ពេត្រុស ៥:៨)។ នេះគឺជាការត្រាស់ហៅ ឲ្យភ្ញាក់ខ្លួនឡើង ហើយមើលឃើញគ្រោះថ្នាក់ដែលនៅខាងមុខ ព្រមទាំងប្រុងប្រៀបជាស្រេចសម្រាប់ការវាយប្រហាររបស់វា។
ទាល់តែយើងបានដឹងអំពីគ្រោះថ្នាក់ ដែលយើងត្រូវប្រឈមមុខជារៀងរាល់ថ្ងៃ ទើបយើងដឹងថា ខ្លួនត្រូវស្វែងរកជំនួយពីព្រះ។ ហើយលុះត្រាតែយើងមានការប្រុងប្រយ័ត្ន ទើបយើងពឹងផ្អែកទៅលើកម្លាំងនៃព្រះអម្ចាស់នៃយើង ដែលទ្រង់មានអំណាចអស្ចារ្យជាងខ្មាំងសត្រូវខាងវិញ្ញាណរបស់យើង។–Bill Crowder
ការធ្វើអ្វីឲ្យផ្លាស់ប្រែ
រឿងរបស់អេលីសាបិត គឺជារឿងដែលធ្វើឲ្យប៉ះពាល់ចិត្តណាស់។ ក្រោយពីទទួលរងការប្រមាថយ៉ាងខ្លាំង នៅរដ្ឋម៉ាសាឈូសិត(Massachusetts) នាងក៏បានជិះឡានក្រុង ទៅកាន់រដ្ឋញូជើរស៊ី(New Jersey) ដើម្បីគេចពីភាពអាម៉ាសរបស់នាង។ នាងចេះតែយំខ្សឹកខ្សួលមិនឈប់សោះ បានជានាងស្ទើរតែមិនដឹងថាឡានក្រុងបានឈប់ នៅតាមចំណតតាមផ្លូវទេ។ មានអ្នកដំណើរម្នាក់អង្គុយពីក្រោយនាង ដែលមិនធ្លាប់ស្គាល់គ្នាសោះ បានងើបចេញពីកៅអី បម្រុងនឹងចុះពីឡានក្រុង តែគាត់ក៏បានឈប់ ហើយបែរក្រោយ រួចដើរមកកាន់អេលីសាបិត។ គាត់បានឃើញនាងកំពុងសម្រក់ទឹកភ្នែក ហើយក៏បានហុចព្រះគម្ពីររបស់ខ្លួនទៅនាង ដោយប្រាប់នាងថា នាងប្រហែលជាត្រូវការព្រះគម្ពីរមួយក្បាលនោះ។ គាត់គិតត្រូវ ព្រោះនាងមិនត្រឹមតែត្រូវការព្រះគម្ពីរប៉ុណ្ណោះទេ តែនាងថែមទាំងត្រូវការព្រះគ្រីស្ទ ដែលមានចែងក្នុងព្រះគម្ពីរផងដែរ។ អេលីសាបិតក៏បានទទួលជឿទ្រង់ ដោយសារតែបុរសម្នាក់ដែលមិនស្គាល់គ្នា បានបង្ហាញចេញនូវចិត្តក្តួលអាណិត តាមរយៈការជូនអំណោយដល់នាង។
ព្រះយេស៊ូវជាគំរូនៃការមានចិត្តក្តួលអាណិត ដែលយើងត្រូវយកតម្រាប់តាម។ បទគម្ពីរម៉ាថាយ ជំពូក៩ បានចែងថា “កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀមដែលឥតអ្នកគង្វាល”(ខ.៣៦)។ ព្រះអម្ចាស់មិនគ្រាន់តែបានកត់សំគាល់ អំពីទុក្ខលំបាក និងការឈឺចាប់របស់មនុស្សដែលខ្ទេចខ្ទាំប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ថែមទាំងបានឆ្លើយតប ចំពោះបញ្ហានេះ ដោយបង្គាប់ពួកសិស្សទ្រង់ ឲ្យអធិស្ឋានទូលសូមឲ្យព្រះវរបិតាចាត់អ្នកបម្រើទ្រង់ ឲ្យទៅឆ្លើយតបចំពោះការឈឺចាប់ និងសេចក្តីត្រូវការរបស់លោកិយ ដែលកំពុងវិនាស(ខ.៣៨)។
ខណៈពេលដែលយើងយកតម្រាប់តាមព្រះគ្រីស្ទ នោះការមានចិត្តក្តួលអាណិតដល់មនុស្ស ដែលដូចជាចៀមឥតមានអ្នកគង្វាល អាចជំរុញឲ្យយើងនាំអ្នកដទៃ ឲ្យមានជីវិតផ្លាសប្រែ។ —Bill Crowder
កុំឲ្យលើស កុំឲ្យខ្វះ
ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយ ដែលនិយាយអំពីការដែលមនុស្សងាយប្រើព្រះបន្ទូល តាមរបៀបខុសឆ្គង។ យើងប្រហែលជាព្យាយាមកាត់ស្រាយបទគម្ពីរ ឲ្យស្របតាមទស្សនៈរបស់យើង ជាជាងបកស្រាយបទគម្ពីរនោះ តាមបំណងព្រះហឫទ័យព្រះ។ អ្នកខ្លះបានប្រើព្រះគម្ពីរ ដើម្បីការពាររឿងអ្វីមួយ ខណៈពេលដែលអ្នកដទៃបានប្រើព្រះគម្ពីរដើម្បីវាយប្រហារមកលើរឿងនោះទៅវិញ។ ភាគីទាំងសងខាងសុទ្ធតែដកស្រង់បទគម្ពីរ ដើម្បីគាំទ្រទស្សនៈរៀងៗខ្លួន ប៉ុន្តែ អ្នកទាំងពីរមិនអាចត្រូវទាំងពីរនាក់បានឡើយ។
ពេលយើងប្រើព្រះបន្ទូល យើងចាំបាច់ត្រូវប្តេជ្ញាចិត្តថា យើងនឹងមិនបន្ថែមបន្ថយអត្ថន័យ ដ៏ពិតនៃបទគម្ពីរ ដែលយើងកំពុងប្រើនោះឡើយ។ បើសិនជាយើងប្រើព្រះបន្ទូល មិនបានត្រឹមត្រូវ នោះមានន័យថា យើងក៏បានកាត់ស្រាយព្រះបន្ទូលខុស ដែលទីបំផុត យើងអាចឈានទៅរកការបង្រៀនខុស អំពីលក្ខណៈសម្បត្តិរបស់ព្រះ។
ហេតុនេះហើយ បានជាសាវ័កប៉ុលបានលើកទឹកចិត្តដល់លោកធីម៉ូថេថា “ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្តីពិតយ៉ាងត្រឹមត្រូវ”(២ធីម៉ូថេ ២:១៥)។ គន្លឹះជាអាទិភាព ដើម្បីឲ្យយើងអាចក្លាយជាអ្នកបម្រើ ដែលមិនត្រូវខ្មាស និងអាចទទួលយកបាន គឺយើងត្រូវតែបកស្រាយ(ឬ“កាត់ស្រាយ”) ព្រះបន្ទូលរបស់ព្រះឲ្យបានត្រឹមត្រូវ។ នៅពេលយើងសិក្សាព្រះបន្ទូល យើងត្រូវពឹងផ្អែកលើព្រះវិញ្ញាណ ដែលទ្រង់ជាអ្នកបណ្តាលឲ្យគេតែងព្រះគម្ពីរ ដើម្បីឲ្យយើងទទួលបានចំណេះដឹង និងប្រាជ្ញា។
យើងអាចប្រើពាក្យសម្តី និងការប្រព្រឹត្តរបស់យើង ជាឱកាស ដើម្បីបកស្រាយព្រះបន្ទូល តាមរបៀបដែលពិតជាអាចឆ្លុះបញ្ចាំង ឲ្យគេស្គាល់បំណងព្រះហឫទ័យ។ នេះជាឯកសិទ្ធិអស្ចារ្យបំផុតមួយ ក្នុងចំណោមឯកសិទ្ធិដ៏អស្ចារ្យទាំងឡាយ នៃជីវិតគ្រីស្ទបរិស័ទ។—Bill Crowder
ដើមស្លឹករញ្ជួយ
ខណៈដែលខ្ញុំកំពុងធ្វើដំណើរទៅលេង នៅឧបទ្វីបខាងលើនៃរដ្ឋមីឈីហ្គិន(Michigan) ខ្ញុំក៏បានចាប់អារម្មណ៍លើដើមឈើពីរដើម។ ថ្វីបើស្លឹកឈើនៃដើមដទៃទៀតដែលនៅជុំវិញមិនកំរើកក៏ដោយ ក៏ស្លឹកនៃដើមឈើទាំងនេះបែរជាបក់រវិចៗ ដោយគ្រាន់តែមានខ្យល់បក់តិចៗប៉ុណ្ណោះ។ ខ្ញុំក៏ចង្អុលប្រាប់ភរិយារបស់ខ្ញុំ ហើយនាងប្រាប់ខ្ញុំថា ដើមឈើនោះ ឈ្មោះដើមស្លឹករញ្ជួយ។ ខ្ញុំមានការភ្ញាក់ផ្អើល ចំពោះទិដ្ឋភាពនៃស្លឹកឈើ ដែលកំពុងតែញ័របែបនោះ។ ខណៈដែលដើមឈើដទៃទៀត មើលទៅហាក់ដូចជានៅស្ងៀម ហើយនៅទ្រឹង ស្លឹកឈើទាំងនោះបែរជាកម្រើក ទោះខ្យល់គ្រាន់តែបក់រហៀកៗតិចៗប៉ុណ្ណោះ។
ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងដូចជាដើមស្លឹករញ្ជួយនោះដែរ។ មនុស្សដែលនៅជុំវិញខ្ញុំ ហាក់ដូចជារស់នៅក្នុងជីវិត ដោយគ្មានបញ្ហា និងឥតក្តីបារម្ភសោះ មើលទៅដូចជានឹងនរ ហើយសុខស្រួល ខណៈពេលដែលខ្ញុំគ្មានចិត្តស្ងប់ ដោយសារបញ្ហាដ៏តូចបំផុត។ ខ្ញុំមើលទៅអ្នកដទៃ ហើយស្ងើចសរសើរ ចំពោះភាពស្ងប់សុខរបស់ពួកគេ ហើយទន្ទឹមនឹងនោះ ខ្ញុំក៏ឆ្ងល់ផងដែរ ថាហេតុអ្វីបានជាជីវិតរបស់ខ្ញុំងាយនឹងរញ្ជួយម្ល៉េះ។ តែខ្ញុំអរព្រះគុណព្រះអម្ចាស់ ដែលបានរំឭកខ្ញុំតាមរយៈបទគម្ពីរថា យើងអាចរកឃើញភាពស្ងប់សុខដ៏ពិត និងថិតថេរ នៅក្នុងព្រះវត្តមាននៃព្រះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “សូមឲ្យព្រះអម្ចាស់ ដែលទ្រង់ផ្ដល់សេចក្តីសុខសាន្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តជានិច្ច។ សូមឲ្យព្រះអម្ចាស់ទ្រង់គង់ជាមួយនឹងអ្នករាល់គ្នាទាំងអស់”(២ថែស្សាឡូនីច ៣:១៦)។ ព្រះទ្រង់មិនត្រឹមតែប្រទានមកនូវសេចក្តីសុខសាន្តប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គទ្រង់ផ្ទាល់គឺជាព្រះអម្ចាស់នៃសេចក្តីសុខសាន្តតែម្តង។
នៅពេលយើងជួបការរំខាន និងភាពមិនស្ងប់សុខនៅក្នុងជីវិត នោះយើងចាំបាច់ត្រូវដឹងថា សេចក្តីសុខសាន្តដ៏ពិត គឺមាននៅក្នុងព្រះនៃសេចក្តីសុខសាន្ត។ — Bill Crowder
ការធ្វើដំណើរម្នាក់ឯង
ថ្ងៃទី ២០ និង២១ ខែឧសភា ឆ្នាំ ១៩២៧ គឺជាថ្ងៃជាប្រវត្តិសាស្រ្ត នៅក្នុងវិស័យអាកាសចរណ៍ ពេលដែលលោកឆាល លីនបឺក(Charles Lindbergh) បានបើកយន្តហោះតែម្នាក់ឯង ឆ្លងកាត់មហាសមុទ្រអាត្លង់ទិច ដោយគ្មានការឈប់សម្រាកតាមផ្លូវ។ កាលពីមុន ធ្លាប់មានអ្នកផ្សេងបើកយន្តហោះកាត់មហាសមុទ្រអាត្លង់ទិចដែរ ប៉ុន្តែ គ្មាននរណាធ្លាប់បើកបរតែម្នាក់ឯង ដូចគាត់ទេ។ ដូចនេះ លោកលីនបឺកបានសម្រេចជោគជ័យជាប្រវត្តិសាស្រ្ត នៅពេលដែលគាត់ចុះចត នៅអាកាសយាន្តដ្ឋាន ឡឺ ប៊ូហ្គេត(Le Bourget Field) នៅទីក្រុងប៉ារីស មានមនុស្សរាប់ពាន់នាក់ បានទះដៃអបអរសាទរ ការធ្វើដំណើរដ៏ជោគជ័យរបស់គាត់។
ហើយពេលដែលគាត់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ គេក៏បានផ្តល់កិត្តយសឲ្យគាត់ ដោយការដើរដង្ហែរជាក្បួន និងឲ្យរង្វាន់គាត់ សម្រាប់សេចក្តីក្លាហាន និងការមានម្ចាស់ការ។ ទោះបីជាលោកលីនបឺកអាចមានគ្រោះថ្នាក់ នៅក្នុងការបើកបរយន្តហោះតែម្នាក់ឯងក៏ដោយ ក៏ការរស់នៅ ក្នុងលោកិយដែលពេញដោយអំពើបាប អាចមានគ្រោះថ្នាក់ជាងនេះទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ អ្នកដើរតាមព្រះគ្រីស្ទ អាចមានការលើកទឹកចិត្ត និងការកម្សាន្តចិត្ត ព្រោះយើងមិនចាំបាច់ត្រូវ “ធ្វើដំណើរតែម្នាក់ឯង” ឡើយ។
នៅពេលយប់ មុនពេលគេយកទ្រង់ទៅឆ្កាង ព្រះយេស៊ូវបានសន្យាថា ទ្រង់នឹងមិនបោះបង់ចោលយើងឡើយ ហើយទ្រង់នឹងចាត់ព្រះវិញ្ញាណទ្រង់ឲ្យចុះមក ឲ្យគង់នៅជាមួយយើង និងសណ្ឋិតក្នុងយើងម្នាក់ៗ(យ៉ូហាន ១៤:១៦-១៧)។ ក្រោយមក សាវ័កប៉ុលក៏បានបញ្ជាក់ផងដែរថា…
មូលហេតុដែលយើងធ្វើការ
ក្នុងទសវត្សរ៍ឆ្នាំ ១៦៦០ គេបានឲ្យលោក គ្រីស្តូហ្វ័រ រែន(Christopher Wren) ធ្វើការរចនាប្លង់ព្រះវិហារធំរបស់សេនប៉ុល(St. Paul’s Cathedral) នៅទីក្រុងឡុង ឡើងវិញ។ យោងតាមរឿងព្រេង បានឲ្យដឹងថា ថ្ងៃមួយ គាត់បានទៅពិនិត្យការដ្ឋាននៃសំណង់ដ៏អស្ចារ្យនេះ ហើយពួកកម្មករមិនបានស្គាល់គាត់ទេ។ លោករេន បានដើរមើលការដ្ឋាន ហើយក៏បានសួរកម្មករពីរបីនាក់ថា “អ្នកកំពុងធ្វើអ្វី?” កម្មករទីមួយបានឆ្លើយថា “ខ្ញុំកំពុងកាត់ថ្មមួយដុំ”។ រីឯកម្មករទីពីរវិញ ក៏បានឆ្លើយថា “ខ្ញុំកំពុងធ្វើការ ដើម្បីប្រាក់ឈ្នួល ៥ស៊ីលីង ២ភែន ក្នុងមួយថ្ងៃ”។ ទោះជាយ៉ាងណាក៏ដោយ កម្មករទីបីបានឆ្លើយ តាមការយល់ឃើញខុសពីអ្នកមុនៗថា “ខ្ញុំកំពុងជួយលោកគ្រីស្ទូហ្វ័រ រេន សាងសង់ព្រះវិហារដ៏ធំអស្ចារ្យ ដើម្បីថ្វាយសិរីល្អដល់ព្រះ”។ ដូចនេះ កម្មកររូបនេះ ពិតជាមានអាកប្បកិរិយ៉ា និងបំណងចិត្តខុសពីកម្មករផ្សេងមែន!
យើងត្រូវដឹងអំពីមូលហេតុ ដែលយើងធ្វើកិច្ចការនីមួយៗ ព្រោះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេស ពេលដែលយើងកំពុងធ្វើការ ឬមានអាជីពអ្វីមួយ នៅក្នុងការរស់នៅ។ ហេតុនេះហើយបានជាសាវ័កប៉ុល លើកទឹកចិត្តពួកជំនុំក្រុងអេភេសូរថា “ចូរកុំបំរើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបំរើដូចជាបាវបំរើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត ទាំងបំរើដោយអំណរ ដូចជាបំរើដល់ព្រះអម្ចាស់ផង មិនមែនដូចជាបំរើមនុស្សឡើយ”(អេភេសូរ ៦:៦-៧)។
បើយើងធ្វើការងាររបស់យើង ដោយគ្រាន់តែដើម្បីឲ្យបានប្រាក់កម្រៃ ឬដើម្បីតែបំពេញចិត្តចៅហ្វាយ…